Bugatti បង្ហាញរូបរាងឡាន Centodieci មួយគ្រឿងដំបូងគេ ទើបផលិតហើយក្ដៅៗ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានបង្ហាញចេញជាលើកដំបូងនូវរូបរាងរបស់រថយន្ត Centodieci មួយគ្រឿងដំបូងគេ​ដែល​បាន​ផលិតរួចរាល់ ហើយជារថយន្តមួយគ្រឿងក្នុងចំណោមរថយន្ត១០គ្រឿងដែលគ្រោងផលិតជូនអតិថិជន។

រថយន្តដែលបង្កើតឡើងដើម្បីឧទ្ទិសដល់រថយន្ត EB110 កាលពីទសវត្សឆ្នាំ៩០នេះ បាន​លាប​ពណ៌​ EB110 Blue ជាពណ៌​ដ៏​សំខាន់​មួយ​សម្រាប់ Bugatti ចំណែកឯ​កង់​រថយន្តបានប្រើប្រាស់ពណ៌ EB110 Sport Silver ដើម្បី​ស៊ី​គ្នា​ទៅ​នឹង​រថយន្ត EB110 GT របស់អតិថិជនដែលជាម្ចាស់រថយន្តមួយ​គ្រឿងដំបូងគេនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរការដោយម៉ាស៊ីន ៨,០លីត្រ ១៦ស៊ីឡាំង រថយន្ត Centodieci អាចផលិតកម្លាំង​បាន ១៥៧៨សេះ និងអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៤វិនាទី ហើយវា​មាន​ល្បឿន​អតិបរមាដែលបាន​កំណត់​នៅ​ត្រឹម ៣៨០គ.ម/ម៉។

រថយន្តដែលមានផលិតត្រឹម១០គ្រឿងនេះ បាន​លក់​ដាច់​អស់​គ្មាន​សល់​ក្រោយពីវា​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Monterey Car Week កាលពី​ឆ្នាំ២០១៩ ជា​ឆ្នាំ​គម្រប់ខួបទី ១១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Bugatti៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម