Bugatti Centodieci មាន​កម្លាំងម៉ាស៊ីនដល់ ១៥៧៨ សេះ

ក្រុមហ៊ុន Bugatti បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូដែល​ថ្មី Centodieci ក្នុង​កម្មវិធី Pebble Beach ដែល​រូបរាង​របស់​វា​ដូច​គ្នា​នឹង​រូបភាព​បែក​ធ្លាយ​ផ្ទាល់​តែ​ម្ដង។

រថយន្ត​​ម៉ូដែល​ថ្មី​នេះ​មាន​បំពាក់​ម៉ាស៊ីន​ដូច​ម៉ូដែល Chiron ដែរ ពោល​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ប៉ុន្តែ​វា​អាច​ផលិត​កម្លាំង​បាន​ ១៥៧៨ សេះ ខ្លាំង​លើស​ Chiron ចំនួន ៩៩ សេះ។ ជា​មួយ​លក្ខណៈ​សម្បត្តិ​នេះ​ ម៉ូដែល Centodieci អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុងពេល​ត្រឹម ២,៤ វិនាទី និង​បាន​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៣៨០ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ Centodieci មាន​ទម្ងន់​ស្រាល​ជាង​ Chiron ប្រមាណ ២០ គីឡូក្រាម ដែល​គេ​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​ស្រាល​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​​ផ្លិត​ទឹក​ទម្ងន់​ស្រាល​ជាង​​មុន និង​ប្រព័ន្ធ​ទប់​លំនឹង​ផលិត​អំពី​សរសៃ​កាបូន​ជា​ដើម។

រថយន្ត​ម៉ូដែល​ថ្មី​នេះ​មាន​ផលិត​ត្រឹម​ ១០ គ្រឿង​ប៉ុណ្ណោះ ហើយ​​ក្នុង​មួយ​ឆ្នាំ​​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ ២ គ្រឿង​គប់។ ត្បិត​ថា​វា​មាន​តម្លៃ​រហូត​ដល់ ៨,៩ លាន​ដុល្លារ ប៉ុន្តែ​ទាំង ១០ គ្រឿង គឺ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ហើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម