BYD ថា Denza Z9 GT បានក្លាយជាម៉ូឌែល GT ដែលមានការចែកចាយច្រើនបំផុតនៅទីផ្សារក្នុងស្រុក!

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា​ រថយន្ត Denza Z9 GT ស៊េរីឆ្នាំ២០២៥ បានក្លាយជាម៉ូឌែល GT ដែលមានការចែកចាយច្រើនបំផុតពោលគឺ ១មុឺនគ្រឿង បន្ទាប់ពីការប្រកាសចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៤៥ ៨០០ ដុល្លារ ដល់ ៥២ ៦០០ដុល្លារ។

Denza Z9 GT ស៊េរីឆ្នាំ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e3 platform មានប្រវែងតួខ្លួនសរុប ៥ ១៩៥ ម.ម ( ៥ ១៨០​ ម.ម សម្រាប់ជម្រើស EV ) ទទឹង ១ ៩៩០ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម  ដំណើរការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៣០៨ និង ៦៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ១៩នាទី ប៉ុណ្ណោះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣,៤វិនាទី។
  • បច្ចេកវិទ្យា DM 5.0 ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ២០៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៦៨ និិង ៥៩០ សេះ ផ្គួបជាមួយអាគុយទំហំ ៣៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងចម្ងាយសរុប ១១០០គីឡូម៉ែត្រ។

សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រប្រើភាសារចនា “Elegance in Motion” ដោយការរចនាផ្នែកខាងមុខត្រូវបានបំផុសគំនិតដោយការរចនា “vitality of the sunrise” ខណៈផ្នែកខាងក្រោយត្រូវបានបំផុសគំនិតដោយការរចនា “classical symmetrical aesthetic”។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ​ ១៣,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣អ៊ីញ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១៣,២អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ អេក្រង់ AR-HUD ទំហំ ៥០អ៊ីញ កៅអីខាងមុខ និងខាងក្រោយអាចលៃតម្រូវបានតាមអគ្គិសនី និងមានមុខងារកម្តៅ ខ្យល់ និងមុខងារម៉ាស្សា ១០ ចំណុច។ លើសពីនេះ រថយន្តនេះក៏ត្រូវបានបំពាក់ដោយទ្វារអគ្គិសនីផងដែរ ព្រមទាំងភ្លើងបំភ្លឺជុំវិញ ១២៨ ពណ៌ និងដំបូលទំហំ ២,១ម៉ែត្រការ៉េ កញ្ចក់មើលក្រោយឌីជីថល និងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម