
យោងតាមរបាយការណ៍ពីសមាគមរថយន្ត (CPCA) បានឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥ រថយន្តលក្ខណៈគ្រួសារចំនួន ១.៧៥៥ លានគ្រឿង (ប្រភេទ sedan, SUV, និង MPV) ត្រូវបានលក់ចេញនៅក្នុងប្រទេសចិនកាលពីខែមុន ហើយមានការកើនឡើង ១៤.៥% បើធៀបនឹងឆ្នាំមុន និងថយចុះ ៩.៤% បើធៀបនឹងខែមុន ដែលនាំឲ្យបរិមាណលក់សរុបប្រចាំឆ្នាំកើនឡើងដល់ ៦.៨៧២ លានគ្រឿង។
ក្រុមហ៊ុន BYD នៅតែបន្តនាំមុខគេក្រោយលក់រថយន្ដបានចំនួន ២៦៩ ០០០គ្រឿង កាលពីខែមេសា ខណៈក្រុមហ៊ុន Geely ឈរលេខ២ លក់រថយន្ដបាន ២១០ ០០០គ្រឿង និងលេខ៣ ក្រុមហ៊ុន FAW-Volkswagen លក់រថយន្ដ ១១១ ០០០ គ្រឿង។ ម្យ៉ាងវិញទៀត ម៉ាកយីហោដែលជាការបណ្ដាក់ទុនរួមគ្នា (joint venture brands) បានលក់រថយន្តបាន ៤៤០ ០០០ គ្រឿង ថយចុះ ៣% បើធៀបនឹងឆ្នាំមុន និង ៨% បើធៀបនឹងខែមុន។ ជាពិសេស ចំណែកទីផ្សារលក់របស់ម៉ាកយីហោអាល្លឺម៉ង់ ជប៉ុន និងអាមេរិក មាន ១៥.៦%, ១២.២% និង ៤.៨% ។
រថយន្តដឹកអ្នកដំណើរដែលប្រើថាមពលថ្មី (new energy passenger vehicles) ចំនួន ៩០៥ ០០០ គ្រឿងត្រូវបានលក់ចេញ មានការកើនឡើង ៣៣.៩% បើធៀបនឹងឆ្នាំមុន និងជាការថយចុះ ៨.៧% បើធៀបនឹងខែមុន ដោយសម្រេចបានអត្រាជ្រៀតចូល (penetration rate) ៥១.៥%។ ចាប់ពីខែមករា ដល់ខែមេសា ការលក់រាយសរុបបានឈានដល់ ៣.៣២៤ លានគ្រឿង ដែលជាការកើនឡើង ៣៥.៧%៕