
[បរទេស] ក្រុមហ៊ុន BYD បានធ្វើការបង្ហាញចេញនូវស្ថានីយរក្សាថាមពលរបស់ខ្លួន ដែលអោយឈ្មោះថា HaoHan ដែលត្រូវបានរចនាឡើងដើម្បីប្រជែងជាមួយ Megapack 3 របស់ក្រុមហ៊ុន Tesla ដែលវាមានសមត្ថភាពក្នុងការផ្ទុកលើស Megapack 3 ស្ទើរតែគុណនឹង៣។
ត្រឡប់ក្រោយបន្តិច កាលពីដើមខែនេះ Tesla បានបង្ហាញចេញនូវ Megapack 3 ដែលជំនាន់ថ្មីរបស់ខ្លួន ជាមួយការបង្កើននូវសមត្ថភាពក្នុងការផ្ទុកថាមពលពី ៣,៩ MWh មកដល់ ៥ MWh។ ជាមួយគ្នានេះ Tesla ក៏បានបញ្ចេញនូវ Megablock ប្រៀបដូចជាសំំណុំនៃ Megapack ចំនួន៤ បញ្ជូលគ្នា ជាមួយឧបករណ៍ក្នុងការបន្លែង(Transform) និងប្តូរ(Switching)។
ខណ:ពេលនេះ BYD ក៏បានធ្វើព្យុះភ្លៀង ជាមួយ HaoHan របស់ខ្លួន ដែលវាមានសមត្ថភាពក្នុងការផ្ទុកថាមពលបាន ១៤,៥MWh សម្រាប់ប្រភេទ Standard និងប្រភេទ Container មានប្រវែង ២០ហ្វីត ឬប្រហែល ៦ម៉ែត្រ មានសមត្ថភាពក្នុងការផ្ទុកថាមពលបាន ១០MWh ។
ក្នុងនោះ HaoHan ប្រើប្រាស់បន្ទះអាគុយ Blade Battery ទំហំ 2,710 Ah របស់ BYD ជាសមាសធាតុច្រើនជាងក្នុងប្រព័ន្ធផ្ទុកថាមពលនេះ។ បន្ថែមពីនេះ BYD ក៏បញ្ចេញនូវ GC Flux ដែលជាប្រព័ន្ធបន្លែងថាមពល(Inverter) និង GC Master EMS ដែលជាប្រព័ន្ធគ្រប់គ្រងថាមពល ដែលមានមុខងារស្រដៀងគ្នាទៅនឹង Auto Bidder របស់ Tesla ផងដែរ៕