[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី គឺ BYD Xia ជាមួយតម្លៃលក់ចាប់់ពី ៣៤ ១០០ ដុល្លារ ដល់ ៤២ ២៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២០,៤ និង ៣៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៥,៤លីត្រ/១០០គ.ម និងអាចបើកបរបានចម្ងាយសរុប ១ ០៦០ គីឡូម៉ែត្រ។
ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងសេនស័រចំនួន ២៩ចំនុច ជុំវិញរថយន្ត។
សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមាន អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ អេក្រង់បញ្ជាព៌ត័មាន touchsreen ទំហំ ១៥,៦អ៊ីញ និងអេក្រង់កម្សាន្ត touchsreen សម្រាប់អ្នកដំណើរទំហំ ១២,៣ អ៊ីញ ក៏ដូចជាកញ្ចក់ការពារសំឡេង កន្លែងសាកថ្មឥតប្រើខ្សែ កៅអីជួរទី១ និង ២ មានមុខងារកំដៅ/ខ្យល់ចេញចូល និងជំនួយចង្កេះ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ កៅអីជួរទី៣ អាចបត់បាន និងអាចលៃតម្រូវបាន ទូទឹកកកមានមុខងារត្រជាក់/កំដៅ តុបត់ចុះក្រោមសម្រាប់អ្នកដំណើរជួរទី២ ប្រព័ន្ធអូឌីយ៉ូ DiSound ចំនួន ២៨គ្រាប់ កៅអីស្បែក Nappa ដៃចង្កូតមានមុខងារកំដៅ និងប្រព័ន្ធជំនួយការបើកបរ DiPilot 100ជាដើម ៕