
យោងតាមប្រភពពី D-Auto រថយន្ត BYD Seal 06 DM-i Wagon នឹងត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍រថយន្ត Munich ឆ្នាំ ២០២៥ (IAA Mobility 2025) នៅថ្ងៃទី ៨ ខែកញ្ញា ខាងមុខនេះ។ រថយន្ដនេះបានកំពុង ដាក់លក់នៅក្នុងប្រទេសចិន ជាមួយមានតម្លៃ ១០៩ ៨០០យន់ ឬស្មើនិងប្រមាណ ១៥ ៤០០ ដុល្លារ សម្រាប់ម៉ូឌែលស្ដង់ដារ Noble ផ្ដល់ជូនរយៈចម្ងាយបើកបរ ៨០គីឡូម៉ែត្រពេលប្រើអគ្គិសនី។ ខណៈម៉ូឌែល Flagship ផ្ដល់ជូនរយៈចម្ងាយបើកបរ ១៥០គីឡូម៉ែត្រ ពេលប្រើអគ្គីសនីសុទ្ធ មានតម្លៃ ១២៩ ៨០០យន់ ឬស្មើនិងប្រមាណ ១៨ ២០០ដុល្លារ។
រថយន្ត Seal 06 DM-i ប្រភេទ wagon បានរចនាឡើងតាមលំនាំរថយន្តប្រភេទ Sedan ម៉ូឌែល Seal 06 DM-i។ រថយន្ដនេះរចនាតាមបែប “Marine Aesthetics” របស់ក្រុមហ៊ុន BYD។ សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ វាមានប្រវែងតួខ្លួនសរុប ៤ ៨៥០ម.ម, ទទឹង ១,៨៩០ម.ម, កម្ពស់ ១,៥០៥ម.ម, ប្រវែងគម្លាតកង់មុខក្រោយ (wheelbase) ២,៧៩០ម.មនិងមេគុណកកិតខ្យល់ (drag coefficient) ០.២៨៤។
នៅផ្នែកខាងក្រោយរថយន្ដនេះផ្តល់ជូនកន្លែងផ្ទុកឥវ៉ាន់ចំណុះ ៦៧០ លីត្រ ហើយអាចពង្រីកដល់ ១ ៥៣៥លីត្រ នៅពេលបត់កៅអីនៅផ្នែកខាងក្រោយ។ បន្ថែមពីនៅផ្នែកខាងក្នុងក៏បានបំពាក់មកជាមួយទូទឹកកក បន្ថែមមកជាមួយមុខងារកម្តៅនិងមានកន្លែងបំលែងថាមពលអគ្គិសនីយកទៅប្រើប្រាស់បានផងដែរ។
នៅផ្នែកខាងក្នុងសម្រាប់ម៉ូឌែលមូលដ្ឋាន បំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៨ អុីញ, អេក្រង់កុងទ័រប្រភេទ LCD ទំហំ ៨.៨អុីញ, ឧបករណ៍បំពងសម្លេងចំនួន៦គ្រាប់, ពោងសុវត្ថិភាពចំនួន៦ និងមុខងារខ្យល់ក្ដៅ ខ្យល់ត្រជាក់កៅអីផ្នែកខាងមុខ។ចំណែកម៉ូដែលខ្ពស់ជាងនេះរួមមានអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ, ឧបករណ៍បំពងសម្លេងចំនួន៨គ្រាប់, ពោងសុវត្ថិភាពចំនួន៧ និងប្រព័ន្ធគ្រប់គ្រងលំនឹងតួរថយន្ត DiSus-C។ បន្ថែមពីវាក៏បំពាក់មកជាមួយឧបករណ៍ផ្សេងទៀតរួមបញ្ចូលទាំងប្រព័ន្ធកាមេរ៉ាជុំវិញរថយន្ត, មុខងារបើកបរច្រើនបៀបនិងដំបូលកញ្ចក់បើកបាន។
សម្រាប់រថយន្ដដែលបានដាក់លក់ក្នុងស្រុកទាំងអស់ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ DiPilot 100 របស់ក្រុមហ៊ុន BYD (ហៅថា “God’s Eye C”) រួមបញ្ចូលកាមេរ៉ាចំនួន ១២គ្រាប់, សេនស័រ ultrasonic ចំនួន ១២ និងរ៉ាដា millimetre-wave ចំនួន៥ គាំទ្រមុខងារបើកបរដោយស្វយ័តលើផ្លូវហាយវេ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់រចនាសម្ព័ន្ធសម្រាប់ទីផ្សារអឺរ៉ុបមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
រថយន្ត Seal 06 DM-i wagon នេះប្រើប្រាស់ប្រព័ន្ធ plug-in hybrid ជំនាន់ទី៥ របស់ក្រុមហ៊ុន BYD ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនអាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់, កម្លាំងរមួល ២១០ញ៉ូតុនម៉ែត្រ, អាចបង្កើនល្បឿនដល់ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៨.៧ វិនាទី និងមានកម្រិតស៊ីប្រេងប្រហែល ៣.១៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ ជាមួយអាគុយ LFP ទំហំ ១០.០៨kWh រថយន្ដនេះអាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលប្រើប្រាស់អគ្គិសនីសុទ្ធ។
សម្រាប់ម៉ូឌែលខ្ពស់ជាងនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ដូចគ្នា អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់, កម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ, អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៧.៧ វិនាទី។ ជាមួយពីអាគុយ ១៨.៧១ kWh ផ្ដល់ជូននូវរយៈចម្ងាយបើកបរ ១៥០គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ ប៉ុន្តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ២ ០០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតតស៊ីប្រេងរថយន្ដនេះសុីប្រេងតែ ៤.២៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ ចំណែកការសាកថ្មវិញវាសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេល ២៥ នាទី៕