
នៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ ក្រុមហ៊ុន BYD បានដាក់បង្ហាញរថយន្ត Seal 06 DM-i wagon ជារថយន្ត ប្រភេទ Plug-in Hybrid ប្រភេទ Estate ថ្មី ក្រោយពួកគេទទួលបានជោគជ័យនៃរថយន្ត Seal 06 DM-i sedan ដែលបច្ចុប្បន្នជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសចិនជាមួយនឹងការលក់ជាង ២២០ ០០០ គ្រឿងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០២៤។
រថយន្ត Seal 06 DM-i wagon រក្សាបាននូវរចនាបថ “Ocean” របស់ត្រកូល ខណៈពេលដែលបង្កើនភាពបត់បែនជាមួយនឹងផ្នែកខាងក្រោយវែងជាងមុនដើម្បីបង្កើនទំហំផ្ទុកឥវ៉ាន់។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៥០មម ទទឹង ១ ៨៩០មម នកម្ពស់ ១ ៥០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៩០មម។
រថយន្ដនេះដំណើរការដោយម៉ាស៊ីន BYD472QC ចំណុះ ១.៥ ផលិតកម្លាំងបាន ៩៩សេះ នៅពេលដំណើររួមគ្នាជាមួយម៉ូទ័រអគ្គិសនី Permanent Magnet Synchronous អាចផលិតកម្លាំងបាន ១៦១សេះ ឬ ២១៤សេះ។ BYD Seal 06 DM-i wagon បំពាក់មកជាមួយប្រភេទអាគុយ Lithium-iron-phosphate។
រថយន្ដនេះមាន២ជម្រើសផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះជម្រើសទី១ ប្រើអគ្គិសនីសុទ្ធអាចបើកបាន ៥៣ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC) ខណៈជម្រើសទី២ មានថាមពលខ្លាំងជាងអាចបើបានចម្ងាយ ៨៣គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ។ រថយន្ដទាំង២ម៉ូឌែលនេះ សុទ្ធតែដំណើរការដោយប្រព័ន្ធ Plug-in Hybrid DM-i ជំនាន់ទី ៥ របស់ BYD។
រថយន្តប្រភេទ Wagon របស់ក្រុមហ៊ុន BYD នេះគ្រោងនឹងចេញលក់នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ ជាមួយនឹងតម្លៃចន្លោះពី ១២០ ០០០ ទៅ ១៥០ ០០០ យ័ន (ប្រហែលពី ១៦ ៤០០ ទៅ ២០ ៥០០ ដុល្លារអាមេរិក)៕