
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Sealion 05 ជំនាន់ទី ៥ ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover ប្រើអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៦ ២៤០ ដុល្លារ ដល់ ១៩ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
BYD Sealion 05 ប្រភេទអគ្គីសនីសុទ្ធ EV នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈការសាកថ្មពីស្ថានីយល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ កញ្ចក់ចំហៀងភ្ជាបអំពូលស៊ីញូ LED ជាមួយមុខងារផ្តល់សញ្ញាគ្រោញថ្នាក់មកពីផ្នែកចំហៀង Blind Spot Monitoring ក៏ដូចជាថាសកង់ស្ព័រទំហំ ១៨អ៉ីញមានមុខងារវាស់សម្ពាធខ្យល់កង់ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ God Eye’s កម្រិត C ជាពិសេសមុខងារជំនួយពេលចេញ-ចូលដោយអូតូទៀតផង។