
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត BYD Tang L EV ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ប្រើថាមពលអគ្គីសនីសុទ្ធ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣១ ៧០០ ដុល្លារ ដល់ ៤០ ០០០ ដុល្លារ ។
BYD TANG L EV ស៊េរីថ្មីចុងក្រោយនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Super e-Platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៨៨ សេះ ផ្គួបជាមួយអាគុយទំហំ ១០០,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១ ១០០ សេះ ផ្គួបជាមួយអាគុយទំហំ ១០០,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីនេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន សាកតែ ៥នាទី ក៏អាចបើកបរបាន ៤០០ គីឡូម៉ែត្រដែរ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្ព័រខ្លាំងជាងមុន ផ្តោតលើប្រព័ន្ធជ្រែកខ្យល់ aerodynamic ដោយបានប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញថ្មី និងឃ្លុបលើដំបូលសម្រាប់ផ្ទុក Drone ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕