
តាមទំលាប់ អ្នកប្រើប្រាស់នៅអឺរ៉ុបភាគច្រើនមិនសូវគិតដល់ម៉ាករថយន្តចិនឡើយ ពួកគេតែងតែគេនិយមម៉ាករថយន្តអឺរ៉ុបគ្នាឯង និងជប៉ុនជាង។ ខណៈក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន BYD របស់ចិន បាន និងកំពុងបង្កើតការផ្លាស់ប្តូរក្នុងការយល់ឃើញនៅលើទស្សនៈបែបនេះ ដោយពួកគេគ្រោងនឹងបង្ហាញចេញនូវរថយន្តថ្មីមួយមានឈ្មោះ BYD Seal 06 DM-i ដើម្បីចូលប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអឺរ៉ុប។
រថយន្ត Seal 06 DM-i គឺជារថយន្តប្រភេទ station wagon ដែលមានទំហំមធ្យមដែលត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្មចិន។ វាមានប្រវែង ៤ ៨៥០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩០ ម.ម ដែលធំជាងរថយន្ត BMW 3-Series Touring និង Mercedes C-Class Estate ។
BYD Seal 06 ប្រភេទ DM-i ប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៦១ ទៅ ២១៥ សេះ រួមជាមួយអាគុយ Blade Battery ដែលជាបច្ចេកវិទ្យាផ្ទាល់របស់ BYD ក្នុងជម្រើសថាមពលពី ១០,០៨គីឡូវ៉ាត់ម៉ោង ទៅ ១៥,៩៧ គីឡូវ៉ាត់ម៉ោង ដែលអាចរត់បាន ៨០ ទៅ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង។
គួរបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ននេះ រថយន្តនេះ គឺជាផលិតជាពិសេសសម្រាប់ទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ ខណៈតម្លៃ និងព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕