[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Uber បានធ្វើការប្រកាសសហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងរបស់ BYD ជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់តំបន់អឺរ៉ុប ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នបំពុលបរិយាកាស។
កិច្ចសហការនេះគ្រោងនឹងចាប់ផ្តើមនៅអឺរ៉ុប និងអាមេរិកឡាទីន ហើយគ្រោងនឹងពង្រីកទៅកាន់តំបន់មជ្ឈិមបូព៌ា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម (ចំពោះភាពជាដៃគូនេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិកទេ)។ លើសពីនេះ Uber និង BYD ក៏គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងទៅក្នុងរថយន្តរបស់ពួកគេផងដែរ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ភាពជាដៃគូរបស់ពួកគេនឹងគាំទ្រដល់ការផ្លាស់ប្តូរថ្មីមួយចំនួនដូចជាការបញ្ចុះតម្លៃដល់អ្នកបើកបរលើការថែទាំយានយន្ត ការគិតប្រាក់ ការផ្តល់ហិរញ្ញប្បទាន និងការជួសជុល ជាដើម។ នាយកប្រតិបត្តិក្រុមហ៊ុន Uber លោក Dara Khosrowshahi បានលើកឡើងថា ការផ្លាស់ប្តូរថ្មីនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នបានដល់ទៅ ៤ ដង បើប្រៀបធៀបទៅនឹងការបើកបរធម្មតាតាមដងផ្លូវ។
គួរឲដឹងថា កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Uber ក៏បានប្រកាសពីកិច្ចសហការរបស់ខ្លួនជាមួយ Tesla ដើម្បីលើកទឹកចិត្តឲមនការប្រើប្រាស់រថយន្ត EV របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងសហរដ្ឋអាមេរិក និងកាណាដា ត្រឹមឆ្នាំ២០៣០។