[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងនំាយករថយន្តភីកអាប់ BYD Shark 6 ស៊េរីថ្មីចុងក្រោយ ប្រភេទ PHEV ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Motor EXPO 2024 ដែលធ្វើឡើងនៅប្រទេសថៃថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រនៅពេលមានសាំងពេញ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ BYD Shark 6 នៅទីផ្សារប្រទេសថៃមិនទាន់ប្រកាសតម្លៃលក់នៅឡើយទេនោះទេ ខណៈនៅទីផ្សារប្រទេសកម្ពុជាមានតម្លៃលក់ ៥៦ ៨០០ ដុល្លារ ៕