BYD បញ្ចេញម៉ូដែលថ្មី e7 សាកថ្មម្តងជិះបាន ៥២០ គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១ម៉ឺនដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD e7 ប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៤ ៤០០ ដុល្លារ ដល់ ១៦ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

BYD e7 ទំនងជាអាចប្រើប្រាស់ជាប្រភេទរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិន ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៥៧,៦ គីឡូវ៉ាត់ម៉ោង សាកថ្មពេញ អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅផ្តោតលើភាពស្ព័រ និងទាន់សម័យ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof រួមទាំងប្រព័ន្ធ BYD DiLink 100 system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម