
Linghui ដែលជាម៉ាកយីហោរងថ្មីរបស់ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការនៃរថយន្ដម៉ូឌែលដំបូងរបស់ខ្លួនជាប្រភេទរថយន្ដស៊ែដានអគ្គិសនីមានឈ្មោះថា Linghui e9 មានសមត្ថភាពបើកបរបានចម្ងាយអតិបរមារហូតដល់ ៦០៥ គីឡូម៉ែត្រ។
Linghui គឺជាម៉ាកយីហោរងថ្មីមួយស្ថិតនៅក្រោមក្រុមហ៊ុន BYD ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំនេះ ជាមួយចក្ខុវិស័យក្នុង “ការកំណត់និយមន័យថ្មីនៃការធ្វើដំណើរតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា” ដោយផ្តោតសំខាន់ទៅលើទីផ្សារដឹកជញ្ជូនសាធារណៈ រួមមាន៖ រថយន្តតាក់ស៊ី, សេវាកម្មរថយន្តឈ្នួល សម្រាប់ផ្ដល់ជូនក្រុមហ៊ុនជួលរថយន្ត និងអង្គភាពរដ្ឋាភិបាល។
គិតមកទល់ពេលនេះ ក្រៅពីម៉ូដែល Linghui e9 ក៏មានម៉ូឌែលបីផ្សេងទៀតស្ថិតនៅក្រោមម៉ាក Linghui ត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) រួមមានម៉ូដែល Linghui e5, Linghui e7 និង Linghui M9។ ក្នុងនោះ ស្រឡាយ e-series គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចំណែកឯម៉ូឌែល M9 គឺជាប្រភេទរថយន្ត Plug-in hybrid ។
យោងតាមរូបភាពផ្លូវការ និងរូបភាពដែលបានប្រកាសកន្លងមក Linghui e9 បានយកលំនាំតាមរចនាប័ទ្មរបស់រថយន្ត BYD Han ស៊េរីចាស់ ដោយបានរចនាមកជាមួយប៉ាណាមុខធំ អមដោយការរចនាបែបក្រឡាៗស្រោបដោយក្រូមនិងមានចង្កៀងមុខប្រភេទ Split headlights រាងមុតស្រួចនៅសងខាង។ នៅផ្នែកជំហៀងរថយន្ដនេះបានប្រើប្រាស់ដៃទ្វារប្រភេទធម្មតា និងយ៉ាន់ស្ព័រពណ៌ខ្មៅ។
នៅផ្នែកខាងក្រោយ Linghui e9 ប្រើប្រាស់ការរចនាចង្កៀងឌីស្សាញបែបបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ (Continuous taillight) និងមានចំណាំងផ្លាតពណ៌ក្រហមនៅសងខាងកាងក្រោយ។ ចំពោះវិមាត្ររូបរាងខាងក្រៅ Linghui e9 មានទំហំ បណ្តោយប្រវែង ៤ ៩៩៥ មីលីម៉ែត្រ ទទឹង ១ ៩១០ មីលីម៉ែត្រ កម្ពស់ ១ ៤៩៥ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩២០ មីលីម៉ែត្រ។
ចំពោះកម្លាំងរបស់រថយន្ដនេះ បានមកពីម៉ូទ័រអគ្គិសនីបំពាក់នៅផ្នែកខាងមុខ អាចផលិតកម្លាំងអតិបរមាបាន ១៣៥ គីឡូវ៉ាត់ (១៨១ សេះ) ឬ ១៥០ គីឡូវ៉ាត់ (២០១ សេះ) ផ្គូផ្គងជាមួយកញ្ចប់អាគុយប្រភេទ Blade (Lithium Iron Phosphate) របស់ក្រុមហ៊ុន BYD ទំហំ ៦០.៥ គីឡូវ៉ាត់ម៉ោង និង ៦៤.៣១៥ គីឡូវ៉ាត់ម៉ោង គឺឆ្លើយតបទៅនឹងចម្ងាយបើកបរបាន ៥៣៥ គីឡូម៉ែត្រ និង ៦០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕
























