យោងតាមក្រសួងវិទ្យាស្ថានជាតិស្រាវជ្រាវបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់នូវវិញ្ញាបនបត្រដល់ក្រុមហ៊ុនផលិតរថយន្ត BYD ក្នុងការលក់រថយន្តអគ្គិសនី BYD Atto 3 នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងជាផ្លូវការហើយ ហើយគ្រោងនឹងបន្ថែមសម្រាប់ម៉ូឌែល BYD Seal, Dolphin និង Sealion 7 បន្ថែមទៀតផងដែរ ខណៈការស្នើសុំកំពុងដំណើរការ។
ជាមួយគ្នា BYD ត្រូវបានគេរំពឹងថានឹងរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសជាផ្លូវការនូវការចូលទៅក្នុងទីផ្សាររថយន្តរបស់កូរ៉េខាងត្បូងរបស់ពួកគេ។ ខណៈការលក់ BYD Atto 3 ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ៣៥ លានវ៉ុន ឫប្រហែលនឹង ២៣ ៩៥០ ដុល្លារ អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ នៅពេលពេញម្តង (ក្រោមលក្ខខណ្ឌធម្មតា) និង ៣០៩ គីឡូម៉ែត្រ (ក្រោមលក្ខខណ្ឌសីតុណ្ហភាពទាប)។
គួរឲដឹងថា BYD ត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅលក់ប្រចាំឆ្នាំចំនួន ១០ ០០០ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយគ្រោងនឹងបង្កើតកន្លែងលក់រថយន្តចំនួន ១៥ទីតាំង នៅក្នុងទីក្រុង Seoul, Gyeonggi, Busan និង Jeju ៕