BYD ប្រកាសបញ្ចេញ Denza N9 តម្លៃខ្ទង់ ៦មុឺនដុល្លារ អាចបើកបានចម្ងាយ ១ ៣០០គីឡូម៉ែត្រ

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកទទួលការកក់លើរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ កៅអី ៣ជួរ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ជាមួយតម្លៃលក់ចាប់ពី ៦២ ០០០ ដុល្លារ ដល់ ៧៦ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម កម្ពស់ ១ ៨៣០ ម.ម ទទឹង ២ ០៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបានដល់ ៩៥២ សេះ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩១២ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងសរុប ១ ៣០០ គីឡូម៉ែត្រ មាន Top-speed ២៣០គ.ម/ម៉ោង ជាន់ស្ទុះពី​ ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣វិនាទីប៉ុណ្ណោះ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២១ និង ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED អូសពីម្ខាងទៅម្ខាង៕

សម្រាប់នៅផ្នែកខាងក្នុងវិញ ទទួលបានបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប រួមជាមួយនឹងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១៣,២អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្ត touchsreen ទំហំ ១៣,២អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ៥០អ៊ីញ កន្លែងសាកថ្មឥតខ្សែចំនួន២ អេក្រង់កម្សាន្ត touchsreen ទំហំ ១៧,១អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងទូរទឹកកកទំហំ ១១,២លីត្រ មានមុខងារក្តៅ-ត្រជាក់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម