BYD លក់រថយន្តបាន ៣០មុឺនគ្រឿងក្នុងខែមករា ខណៈការនាំចេញបានកើនឡើង 80%

ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា ពួកគេបានលក់រថយន្តបានចំនួន ៣០០ ៥៣៨ គ្រឿង ក្នុងខែមករា ឆ្នាំ២០២៥ កើនឡើង ៤៧,៥ភាគរយ បើប្រៀបធៀបទៅនឹងខែមករា ក្នុុងឆ្នាំ២០២៤។ ទោះបីជាការលក់មានការកើនឡើងក៏ដោយ ក៏មានការធ្លាក់ចុះចំនួន ៤១,៨ភាគរយ ផងដែរ បើប្រៀបធៀបទៅនឹងខែធ្នូ ក្នុងឆ្នាំ២០២៤ ដោយសារតែការផ្អាកការលក់ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

ក្នុងចំណោមការលក់រថយន្តទាំងអស់, ការលក់រថយន្ត BEV (Battery Electric Vehicle) មានចំនួន ១២៥ ៣៧៧ គ្រឿង កើនឡើង ១៩,១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចំណែកការលក់រថយន្តប្រភេទ PHEV (Plug-in Hybrid Electric Vehicle) មានចំនួន ១៧១ ០៦៩ គ្រឿង កើនឡើង ៧៨,៧ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈការនាំចេញរបស់ BYD ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយមានការនាំចេញរថយន្តចំនួន ៦៦ ៣៣៦ គ្រឿង ក្នុងខែមករា ឆ្នាំ២០២៥ កើនឡើង ៨៣,៣ភាគរយ។

លើសពីនេះ ក្រុមហ៊ុន BYD ក៏បានបញ្ចាក់ផងដែរថា ពួកគេកំពុងពង្រីកផលិតកម្មរថយន្តរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិជាច្រើនផងដែរ ក្នុងនោះមានរោងចក្រនៅក្នុងប្រទេសថៃមានសមត្ថភាពផលិត ១៥០​ ០០០ គ្រឿងក្នុងមួយឆ្នាំ និងកំពុងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលរំពឹងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម