CATL បោះទុន ៧,៦ពាន់លានដុល្លារសង់រោងចក្រផលិតអាគុយ ដើម្បីលក់អោយ Mercedes និង BMW

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក CATL របស់ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងសាងសង់រោងចក្រផលិតអាគុយតម្លៃ ៧,៣ ពាន់លានដុល្លារ នៅក្នុងប្រទេសហុងគ្រី។

CATL បាននិយាយថា ការសាងសង់រោងចក្រថាមពល ១០០ជីហ្គាវ៉ាត់ម៉ោង នៅក្នុងទីក្រុង Debrecen ភាគខាងកើតនៃប្រទេសហុងគ្រី ដែលជាការវិនិយោគក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួននឹងចាប់ផ្តើមនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រម ដែលមិនលើសពី ៦៤ខែ។

នៅពេលសាងសង់រួច វាត្រូវបានកំណត់ថាជារោងចក្រផលិតកោសិកាអាគុយធំជាងគេនៅអឺរ៉ុប និងជារោងចក្រទីពីររបស់ CATL នៅក្នុងតំបន់ ដោយបង្កើតកោសិកាអាគុយ និងម៉ូឌុល សម្រាប់ក្រុមហ៊ុនផលិតរថយន្តរួមមាន Mercedes-Benz, BMW, Stellantis និង Volkswagen។

ពាណិជ្ជកម្ម

ការពង្រីកនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបពន្លឿនការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកំណើតរបស់ពួកគេ ដែលជំរុញឱ្យមានការកើនឡើងនៃតម្រូវការអាគុយពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងបណ្តាលឱ្យដំណើរការលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ដើម្បីជៀសវាងការរាំងស្ទះផលិតកម្ម។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Zeng Yuqun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ CATL នឹងក្លាយជា “ការលោតផ្លោះដ៏ធំនៅក្នុងការពង្រីកជាសកលរបស់ CATL” ។

ក្រុមហ៊ុនចិនក៏កំពុងបន្តទៅមុខជាមួយនឹងផែនការសម្រាប់ការផលិតអាគុយនៅអាមេរិកខាងជើងនៅឆ្នាំ ២០២៦ សម្រាប់អតិថិជនរួមទាំងក្រុមហ៊ុន Ford Motor ផងដែរ បើទោះបីជាមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

Mercedes-Benz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងក្លាយជាដៃគូដំបូងគេដែលបានទទួលកោសិកាអាគុយពីរោងចក្រហុងគ្រីរបស់ CATL ហើយនឹងក្លាយការបញ្ជាទិញដំបូងខ្ពស់បំផុតរបស់ខ្លួន។

CATL បាននិយាយពីមុនថា ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់កោសិកាអាគុយដល់ BMW ចាប់ពីឆ្នាំ ២០២៥ សម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនចិននេះក៏បាននិយាយថាខ្លួនក៏កំពុងពិនិត្យមើលលទ្ធភាពនៃការចូលរួមជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតវត្ថុធាត់ដើមនៃអាគុយនៅអឺរ៉ុបផងដែរ។

គិតត្រឹមចុងឆ្នាំ២០២១ CATL មានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំ ១៧០,៣៩ ជីហ្គាវ៉ាត់ម៉ោង ខណៈ ១៤០ ជីហ្គាវ៉ាត់ម៉ោង កំពុងសាងសង់។ ហើយក្រុមហ៊ុនបាននិយាយកាលពីមុនថាខ្លួនមានបំណងដំឡើងសមត្ថភាពផលិតសរុបរហូតដល់ ៦៧០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥៕

Sponsored