CEO ថ្មី របស់ Hyundai និយាយថា មិត្តភាពរវាង Trump និង Elon Musk នឹងជះផលវិជ្ជមានដល់ឧស្សាហកម្មរថយន្ត

[បរទេស] លោក Jaehoon Chang ជានាយកប្រតិបត្តិក្រុមហ៊ុន Hyundai ដែលទើបតែកាន់តំណែងថ្មីៗនេះ បានសម្តែងទស្សនៈថា ទាក់ទងនឹងមិត្តភាពរវាងលោក Elon Musk ប្រធានក្រុមហ៊ុន Tesla ជាមួយប្រធានាធិបតីឈ្នះឆ្នោតអាមេរិកលោក Donald Trump អាចនឹងជះផលវិជ្ជមានសម្រាប់ឧស្សាហកម្មរថយន្ត ជាពិសេសនៅសហរដ្ឋអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបន្ថែមថា ក្រុមហ៊ុនបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិក ដោយសារចាត់ទុកថាទីនោះជា “ទីផ្សារដ៏សំខាន់បំផុត” របស់ខ្លួន ហើយមិនដែលពឹងផ្អែកលើការលើកទឹកចិត្តដែលផ្តល់នៅក្រោមរដ្ឋបាលលោក Biden នោះទេ ។  លើសពីនេះ លោកយល់ឃើញថា ដោយសារលោក Elon Musk មានភាពជិតស្និទ្ធនឹងឧស្សាហកម្មអាមេរិក និងពិភពលោក EV ដែលអាចផ្តល់នៅមានភាពវិជ្ជមានសម្រាប់ឧស្សាហកម្មនេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានចាប់ផ្តើមសាងសង់រោងចក្រ EV ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក សម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ព្រមទាំងមានរថយន្ត EV ចំនួន ៥ ម៉ូដែលបន្ថែមទៀតពីម៉ាក Hyundai, Kia និង Genesis ដោយរោងចក្រនេះ ក៏នឹងផលិតម៉ូដែលកូនកាត់ Hybrid ជាច្រើនផងដែរ ជាមួយសមត្ថភាពផលិតសរុប ៣០០ ០០០ គ្រឿង រហូតដល់ ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម