យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Mercedes កំពុងស្ថិតនៅក្នុងដំណើរការនៃការសម្រួលត្រកូលរថយន្តរបស់ពួកគេ ហើយម៉ូដែល Entry-Level ចូលដូចជា A-Class ហាក់បីដូចជាប្រឈមនឹងការបាត់បង់ជីវិត។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្វីត្រូវបានប្រកាសជាផ្លូវការនោះទេពេលនេះ ប៉ុន្តែបើយោងតាមគេហទំព័រ Autocar កំពុងរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Mercedes លោក Ola Källenius បានប្រើកិច្ចប្រជុំ Financial Times Future of the Car ដោយនិយាយថា «យើងនឹងនិយាយបន្ថែមទៀតនៅសប្តាហ៍ក្រោយ ប៉ុន្តែវាមិនមែនជាគោលដៅរបស់យើង ក្នុងការក្លាយជាដៃគូប្រកួតប្រជែងរបស់អ្នកផលិតរថយន្តក្នុងបរិមាណច្រើននោះទេ។ នោះមិនមែនជាអ្វីដែលម៉ាក Mercedes-Benz តំណាងឲ្យនោះទេ»។
ជាមួយគ្នានេះដែរ Källenius ក៏បានបន្ថែមទៀតថា «ក្រុមហ៊ុននឹងសម្លឹងមើលទៅលើ ជាជាងសម្លឹងមើលចុះមកក្រោម» ដែលបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ ចង់ផ្តោតលើម៉ូដែលកម្រិតខ្ពស់ជាង។
ថ្វីបើលោក Källenius មិនបាននិយាយថា ម៉ូដែលមួយណានឹងអស់ជីវិត ម៉ូដែល A-Class ដែលជា Entry-Level Model និងស្ថិតនៅក្រោមគេបង្អស់ កំពុងត្រូវបានសម្លាប់ចេញពីទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។
បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្នកាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Mercedes នៅអាមេរិក នឹងមិនផ្តល់ជូននូវរថយន្ត V177 A-Class (A220W / A220W4) Sedan នៅសហរដ្ឋអាមេរិកទៀតឡើយ៕