Changan ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan CS75 Plus ជំនាន់ទី៤ នៅក្នុងកម្មវិធី Chengdu Auto Show ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅដើមខែកញ្ញាខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ​ និងប្រភេទបើកបរប៉ុង១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ Changan CS75 Plus ទទួលបានការរចនាផ្នែកខាងមុខថ្មីជាមួយប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ ប្រភេទ LED រចនាថ្មី ថាសកង់ស្ព័រថ្មីទំហំ​ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។

ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ចំនួន៣ នៅលើតាប៊្លូ រួមមាន អេក្រង់ឌីជីថល អេក្រង់ព័ត៌មាន និងអេក្រង់កម្សាន្ត ដែលជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែចំនួន ២ចំនុច មុខងារកៅអីម៉ាស្សា កន្លែងដាក់កែវទឹកចំនួន២ និងប្រព័ន្ធជំនួយការបើកបរ L2 ដែលផ្តល់ជូននូវមុខងារជាច្រើនដូចជា មុខងារជំនួយរក្សាគន្លងផ្លូវ មុខងារចុះចតរថយន្តដោយស្វ័យប្រវត្តិ និងមុខងារអង្គចងចាំជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម