[ទីផ្សារចិន] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Changan UNI-Z ក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសប្រព័ន្ធថាមពលថ្មី ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី១០ ខែសីហានេះ ខណៈតម្លៃមិនទាន់បង្ហាញ ប៉ុន្តែចំពោះជម្រើសម៉ាសុីនកូនកាត់មានតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារដល់ ១៨ ៤០០ ដុល្លារ ដូច្នេះតម្លៃរបស់ Changan UNI-Z ម៉ាសុីនសុាំងប្រហែលជាទាបជាងម៉ាសុីនកូនកាត់។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៨៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ។
ចំពោះការរចនាផ្នែកខាងក្រៅមានលក្ខណៈទាន់សម័យជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LEDអបដោយអំពូល DRLs មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ។
សម្រាប់ផ្នែកខាងក្នុងវិញទទួលបាន អេក្រង់បង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ កន្លែងសាកថ្មឥតខ្សែ កៅអីម៉ាស្សា កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម។
គួរបញ្ជាក់ផងថា រថយន្ត Changan UNI-Z ត្រូវបានចេញលក់កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ កន្លងទៅជាប្រភេទរថយន្តប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ៕