Changan ថា រោងចក្រផលិតរថយន្តរបស់ខ្លួននៅថៃនឹងបើកសម្ពោធជាផ្លូវការនៅដើមឆ្នាំក្រោយ ជាមួយសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ២០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Changan Automobile បានប្រកាសថា ខ្លួនគ្រោងឲ្យបើកសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសថៃ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ខាងមុខនេះជាផ្លូវការ ជាមួយការវិនិយោគសរុបប្រមាណ ២៨៥ លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤៨ ហិកតា ក្នុងខេត្តរ៉ាក់យ៉ង នេះបើយោងតាម លោក Shen Xinghua ដែលជានាយកគ្រប់គ្រងនៃ Changan Auto Southeast Asia។

គួរឲដឹងថា រោងចក្រនេះ ត្រូវបានសាងសង់បញ្ចប់រហូតដល់ ៨០ ភាគរយ ហើយ សម្រាប់ថវិកានេះនឹងចំណាយសម្រាប់ការសាងសង់រោងចក្រ អគារតាំងបង្ហាញ និងឃ្លាំងសម្រាប់ផ្ទុកគ្រឿងបន្លាស់។ នៅពេលចាប់ផ្តើមប្រតិបត្តិការ រោងចក្រនេះ អាចផលិតរថយន្តប្រចាំឆ្នាំបានរហូតដល់ ១០មុឺនគ្រឿង ហើយអាចបន្ថែមដល់ ២០មុឺន គ្រឿងនៅឆ្នាំ២០២៦ ដែលក្នុងនោះ រោងចក្រនេះ នឹងផលិតប្រភេទរថយន្តអគ្គិសនីចម្រុះ រួមមានរថយន្តអគ្គិសនីសុទ្ធ រថយន្តកូនកាត់ plug-in hybrids និងរថយន្តអគ្គិសនី Range-Extended Electric Vehicles (REEVs)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Changan មានផែនការនាំយករថយន្តដែលផលិតនៅក្នុុងស្រុកថៃទាំងនេះទៅលក់នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Changan បានកំណត់គោលដៅលក់រថយន្តរបស់ខ្លួននៅក្នុងស្រុកថៃឲ្យបានលើសពី ១៥,០០០ និង ១៨,០០០ គ្រឿងសម្រាប់ឆ្នាំ២០២៤ នេះ ដោយសារតែសេដ្ឋកិច្ចទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតក្នុងស្ថានភាពលំបាក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម