[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Auchan X7 PLUS ដោយបានប្រើប្រាស់ជម្រើសម៉ាស៊ីន Blue Whale ជំនាន់ថ្មីនៅលើគ្រប់ម៉ូដែលទាំងអស់ជាមួយនឹងតម្លៃចាប់ពី ១៦ ០១៩ ដុល្លារ ដល់ ១៨ ២៦៦ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្ត Changan Auchan X7 PLUS មានប្រវែងសរុប ៤ ៧៣០ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៦ ម.ម ។ រថយន្តនេះ សង្កត់ធ្ងន់លើការរចនាថ្មីទៅលើរថយន្តទាំងស្រុង ជាពិសេស ប៉ាណាមុខរចនាបែបសំណាញ់ដែលមើលទៅកាន់តែស្វាហាប់ និងភ្ជាប់ស្តង់ដារជាមួយចង្កៀងមុខ LED ដាច់ដោយឡែក អបជាមួយភ្លើងបំភ្លឺពេលថ្មី កាងខាងមុខរចនាថ្មី បន្ថែមស៊ុមក្រហមក្រោមអំពូលកាត់អ័ព្ទ ផ្នែកចំហៀងនៃតួត្រូវបានតុបតែងដោយគែមក្រហម ភ្លើងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន២ ផងដែរ ។
សម្រាប់នៅផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិតនិងផាសុកភាព ដោយមាន ៧កៅអី ដោយកុងទ័រព័ត៌មាន ៣ ទំហំ ៣,៥ អ៊ីញ, ៧ អ៊ីញ និង ១០,២៥ អ៊ីញ ខណៈអេក្រង់កំសាន្តមាន ៣ ទំហំ គឺ ៧អ៊ីញ ១០,២៥ អ៊ីញ និង ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Real-time navigation, ការគ្រប់គ្រងក្នុងរថយន្ត និងមុខងារផ្សេងៗទៀតផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo ទំហំ ៤ស៊ីឡាំង ថ្មីរបស់ Blue Whale ដែលផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕