[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Changan Nevo E07 ប្រភេទ SUV អគ្គិសនី ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ(ខែតុលា) ជាមួយតម្លៃលក់ខ្ទង់ ៤១ ៣០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan’s SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ អាចផលិតកម្លាំងបាន ៣៣៨ និង ៥២៦ សេះ។ គួរបញ្ជាក់ផងថា រថយន្តអាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤ វិនាទី សម្រាប់ ប៉ុង ២ និងមាន top-speed ២១០ គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែព័ត៌មានច្បាស់ការផ្សេងទៀតមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជារទំហំ ១៥,៤ អ៊ីញ អេក្រង់លើកញ្ជក់ ប្រព័ន្ធសម្លេង ១៨ ចំនុច មុខងារកៅផ្សេងៗជាច្រើន និងអំពូល ambient lighting ២៥៦ ពណ៌៕