[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-T ប្រភេទ compact SUV សេរ៊ីឆ្នាំ២០២៣ ដែលមាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៨០០ ដុល្លារ ដល់ ២០ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះបានធ្វើការកែលម្អសំខាន់ៗនៅក្នុងផ្នែកខាងក្នុង ដោយមកជាមួយដៃចង្កូតរាងអក្សរ D មុខងារកំដៅ និងការរចនាអេក្រង់ភ្លោះសម្រាប់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ។ រថយន្តនេះក៏គាំទ្រការបញ្ជាពីចម្ងាយដោយទូរស័ព្ទដៃផងដែរ។
ក្រឡេកទៅមើលការឌីស្សាញនៅផ្នែកខាងក្រៅវិញ រថយន្តនេះប្រើប្រាស់ការរចនាតាមលំនាំម៉ូដែលបច្ចុប្បន្ន ដោយបានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា L-shaped pattern ទំហំធំជាងមុន អបដោយចង្កៀងមុខរាងស្រួច ត្រឡោកកញ្ចក់តុបតែងជា ២ ពណ៌ កាងជ្រែកខ្យល់ Spoiler ខាងក្រោយ បំពង់ស៊ីមាំងភ្លោះសងខាង ។ ខណះម៉ូដែល Sport បានតុបតែងជាមួយពណ៌ទឹកក្រូចនៅ កាងការពារផ្នែកខាងមុខ ចំហៀង និងផ្នែកខាងក្រោយ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ dual-clutch ៕