Chery Tiggo 9 ប្រើ Hybrid តម្លៃខ្ទង់ ២មុឺនដុល្លារ បើកបាន ១ ៤០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Tiggo 9 C-DM ប្រភេទ SUV លក្ខណៈគ្រួសារ ផ្តល់ជូនទាំងជម្រើស ៥កៅអី និង​ ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២២ ០០០ដុល្លារ ដល់ ២៤ ០០០​​ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៧១២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid C-DM ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ ១៥៤សេះ និងកម្លាំងរមួល ២២០ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ២២១សេះ​ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៦គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងបើកបរសរុបបានចម្ងាយ ១ ៤០០គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ DHT (Dedicated Hybrid Transmission) ៣វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េអបនឹងចង្កៀងមុខ-ក្រោយ LED សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារអគ្គិសនី ថាសកង់ស្ព័រទំហំ ១៨​ ដល់ ២០អ៊ីញ និងដំបូលកញ្ចក់ ជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានរបាយការណ៏នៅឡើយទេ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម