Chevrolet ចាប់ផ្តើមធ្វើតេស្តភីកអាប់អគ្គិសនី Silverado EV ២០២៤ ត្រៀមចេញនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Chevrolet កំពុងអបអរសាទរនឹងជោគជ័យលើផ្នែករថយន្តអគ្គិសនី ហើយវាក៏បានផលិតគំរូរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Silverado EV និងកំពុងធ្វើតេស្តវាផងដែរ។

គួរឲ្យដឹងដែរថា Silverado EV នឹងផ្តល់ជម្រើស ២ ម៉ូដែល WT និង RST First Edition ហើយរថយន្តកំពុងតែធ្វើតេស្តនោះ ជាប្រភេទ WT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Silverado EV WT មានកម្លាំង ៥១០សេះ និងកម្លាំងរមួល ៨៣៤ញ៉ូតុនម៉ែត្រ ដោយក្រុមហ៊ុន Chevrolet  ប៉ាន់ស្មានថា វាអាចផ្តល់ចម្ងាយបើកបរសរុបដល់ ៤០០ម៉ាយ៍ ឬ ៦៤៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ជាមួយគ្នានេះ ភីកអាប់ខាងលើនឹងមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៣,៦តោន និងឡើងដល់ ៩តោន បើទិញ option “max tow package”។

ដោយឡែកចំពោះ ម៉ូដែល Silverado EV RST First Edition វិញ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ដែរ ជាមួយនឹងម៉ូទ័រអគ្គិសនី ២គ្រឿង និងប្រព័ន្ធប៉ុងពីរ មានកម្លាំងសរុប ៦៦៤សេះ និងកម្លាំងរមួល ១ ០៥៦ញ៉ូតុនម៉ែត្រ ហើយផ្តល់ចម្ងាយបើកបរ ៦៤៤គីឡូម៉ែត្រ ថែមទាំងមានម៉ូដ Wide Open Watts mode ដែលអនុញ្ញាតឲ្យវាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម