[ទីផ្សារបរទេស] កាលពីថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បញ្ចេញនៅវីដេអូ teaser ជាផ្លូវការមួយសម្រាប់រថយន្តអគ្គិសនីសុទ្ធ Chevrolet Equinox ប្រភេទ Crossover ដែលបង្ហាញពីការរចនាផ្នែកខាងក្នុង ហើយរំពឹងថានឹងដាក់បង្ហាញក្នុងពេលឆាប់ៗនេះ ជាមួយតម្លៃចាប់ផ្តើមពី ៣០ ០០០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។
តាមរូបភាព teaser បានបង្ហាញនៅផ្នែកខាងក្នុងរបស់រថយន្តសុទ្ធ Chevrolet Equinox ប្រភេទ Crossover ថ្មី តុបតែងដោយលោហៈ និងគ្រឿងបរិក្ខាដែលមានគុណភាពខ្ពស់ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលថ្មី និងអេក្រង់កម្សាន្តទំហំធំ និងភ្លើងលម្អនៅលើបាប្ល៊ូ និងបន្ទះទ្វារមានភាពប្រណិតខ្លាំង។ កន្លែងរន្ធម៉ាស៊ីនត្រជាក់បានរចនាឡើងវិញ, ប្រព័ន្ធបើកបរ Super Cruise semi-autonomous ដែលអនុញ្ញាតឲ្យបើកបរដោយមិនប្រើដៃនៅលើផ្លូវចម្ងាយ ៣២១ ៨៦៩ គីឡូម៉ែត្រក្នុងសហរដ្ឋអាមេរិក និងកាណាដា។
រីឯផ្នែកខាងក្រៅនៃរថយន្ត Chevrolet Equinox EV មានការរចនាបែបស្ព័រ ជាមួយនឹងចង្កៀងមុខ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, កាងខាងមុខពណ៌ខ្មៅបែបស្ព័រអបជាមួយអំពូល LED, ថាសកង់ពណ៌ខ្មៅ និងចង្កៀងខាងក្រោយរចនាលក្ខណៈអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងខាងក្រោយបានបន្ថែមទំហំផងដែរ។
រថយន្តនេះ ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង Ultium battery platform របស់ក្រុមហ៊ុន GM ។ ទន្ទឹមនឹងនេះ រថយន្តអគ្គិសនីសុទ្ធ Chevrolet Equinox ត្រូវបានគេរំពឹងថាអាចបើកបរបានចម្ងាយប្រហែលពី ៣៧៨ គីឡូម៉ែត្រ ដល់ ៤៨៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរបញ្ជក់ផងដែរថា រថយន្ត Chevrolet Equinox EV នឹងចាប់ផ្តើមទទួលការបញ្ជាទិញជាមុនជាមួយនឹងរថយន្ត Chevrolet Silverado EV និង Chevrolet Blazer EV SUV នៅនិទាឃរដូវឆ្នាំ ២០២៣ ៕