[ទីផ្សារបរទេស] មួយរយៈពេលចុងក្រោយនេះ រថយន្តអគ្គិសនី Chevrolet Bolt EV និង Bolt EUV បានជួបបញ្ហាលំបាកច្រើន។ ពួកវាទាំងពីរគឺជារថយន្តអគ្គិសនីដ៏ល្អមួយ ប៉ុន្តែវាមានបញ្ហាខ្លះ។ កញ្ចប់អាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG Chem របស់ពួកវាមានបញ្ហា ហើយបច្ចុប្បន្នកំពុងត្រូវបានហៅត្រលប់មកវិញ ដែលនឹងចំណាយលុយដល់ ២ពាន់លានដុល្លារ។
ទោះបីជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយខាងលើ កំពុងផ្លាស់ប្តូរកញ្ចប់អាគុយថ្មី ដើម្បីជំនួសអាគុយទាំងនោះ ប៉ុន្តែការខូចខាតត្រូវបានកើតឡើងរួចទៅហើយ។ មិនតែប៉ុណ្ណោះ គ្មានរថយន្ត Chevrolet Bolt EV និង Bolt EUV បានចាកចេញពីរោងចក្រ Orion Assembly Plant អស់ជាច្រើនខែមកហើយ។ បើទោះបីជាការផលិតអាចកើតឡើងវិញក៏ដោយ ក៏វាមិនអាចបានយូរដែរ។
បន្ទាប់ពីការប្រកាសដ៏សំខាន់របស់ក្រុមហ៊ុន GM នៅសប្តាហ៍នេះ នៃផែនការវិនិយោគ ៧ពាន់លានដុល្លារ សម្រាប់កន្លែងផលិតចំនួន ៤ នៅក្នុងរដ្ឋ Michigan ដែលជាស្រុកកំណើតរបស់ខ្លួន មានរឿងមួយត្រូវបានទុកចោលនៅក្នុងម៉ឺនុយ គឺរថយន្តអគ្គិសនី Bolt។
ហេតុអ្វីបានជាបែបនេះ?
ប្រហែលមកពី GM នឹងមិនមានកន្លែងសម្រាប់ Bolt ទៀតទេ។ រោងចក្រ Orion Assembly Plant នឹងចាប់ផ្តើមដំណើរការផលិតរថយន្តភីក់អាប់អគ្គិសនី Chevy Silverado EV និង GMC Sierra EV ឆាប់ៗនេះ។ ដោយឡែកចំពោះផលិតកម្ម Bolt ទំនងជានឹងមិនត្រូវផ្លាស់ប្តូរទៅកន្លែងផ្សេងទេ ព្រោះការរចនា និងបច្ចេកវិទ្យាទូទៅរបស់វា គឺក្នុងឆ្នាំ ២០១៧ មកម្ល៉េះ។
មិនដូចរថយន្តអគ្គិសនីផ្សេងទៀតឡើយ រួមទាំង GMC Hummer EV ដែរ រថយន្ត Bolt មិនប្រើប្រាស់គ្រោងឆ្អឹង Ultium និងបច្ចេកវិទ្យាអាគុយថ្មីនោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ក្រុមហ៊ុន GM មិនទាន់បាននិយាយអ្វីទាំងអស់ អំពីការចូលនិវត្តន៍របស់រថយន្តអគ្គិសនី Bolt នៅឡើយទេ៕
ប្រភព ៖ carbuzz