[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Citroen បានធ្វើការចេញនូវរថយន្ត Citroen C3 Aircross ថ្មី មានជម្រើសម៉ាសុីនជាច្រើន នៅក្នុុងប្រទេសបារាំង ជាមួយនឹងតម្លៃលក់ចាប់ពី ២០,០០០ ដល់ ២៨,០០០ ដុល្លារ នៅលើទីផ្សារ។
សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៣៩០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៧០ ម.ម និងមានកម្ពស់បាតក្រោម ២០០ ម.ម ដែលមានការរចនាទាន់សម័យ ជាមួយប៉ាណាមុខរាងអក្សរ I ផ្តេក អមដោយឡូហ្គូលដ៏ធំ និងចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦ និង ១៧អ៊ីញ៕
រថយន្តនេះដំណើរការដោយម៉ាសុីន៣ប្រភេទខុសគ្នា រួមមាន៖
- ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២លីត្រ PureTech ទំហំ ៣សុីឡាំង និងម៉ូទ័រអគ្គិសនី ១ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៤៨វ៉ុល អាចផលិតកម្លាំងបានសរុប ១៦២សេះ ភ្ជាប់ដោយប្រអប់លេខអូតូជាស្តង់ដារ។
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ៤៤គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ១១១សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ដែលអាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ចំណាយពេល ២៦នាទី ចំពោះដុំសាកល្បឿនលឿន។
- ដំណើរការដោយម៉ាស៊ីនសាំង PureTech Turbo អាចផលិតកម្លាំងបានសរុប ១០១សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គជាស្តង់ដារ។
ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ កន្លែងសាកថ្មឥតខ្សែទំហំ ១៥វ៉ាត់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕