
បន្ទាប់ពីបានបង្ហាញចេញនូវព័ត៌មានអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Deepal បានប្រកាសដាក់បង្ហាញចេញជាផ្លូវការ និងបើកទទួលកក់នូវរថយន្ត Deepal L06 ប្រភេទ mid-size sedan របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៩ ២០០ដុល្លារ ដល់ ២២ ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែង ៤ ៨៣០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់់ ២ ៩០០ ម.ម។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៥៦ និង ៦៨,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាវិញ Deepal L06 មានការរចនាជាមួួយភាសារចនាចុងក្រោយបង្អស់ ហើយក៏ទទួលបាននូវបច្ចេកវិទ្យាជាច្រើនដូចជាប្រព័ន្ធ LiDAR, បន្ទះឈីប 3nm, ប្រព័ន្ធបូម magnetorheological suspension, បច្ចេកវិទ្យា AI, អេក្រង់កម្សាន្តទំហំធំ ព្រមទាំងអេក្រង់ AR-HUD ទំហំ ៥០អ៊ីញផងដែរ៕

 
            
 
		





























