
ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចាប់ផ្តើមដាក់លក់ជាផ្លូវការនូវរថយន្ត Deepal S09 នៅក្នុងកម្មវិធី Shanghai Auto Show ឆ្នាំ ២០២៥ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៣ ១០០ ដុល្លារ។
Deepal S09 មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Super Range Extension 2.0 ជំនាន់ថ្មីរបស់ Deepal ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ (RWD) និង ២ (AWD) អាចបើកបរបានចម្ងាយ ១៨០ និង ១៧០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំធំឌីស្សាញថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល និងផ្នែកខាងក្រោយ។
ខណៈផ្នែកខាងក្នុងវិញ បំពាក់ដោយប្រព័ន្ធកាប៊ីន HarmonySpace 5 របស់ក្រុមហ៊ុន Huawei មានអេក្រង់ HUD អេក្រង់ភ្លោះទំហំ ២១,៤ អ៊ីញ កម្រិត 3K ក៏ដូចជាកៅអីជួរមុខ និងជួរទីពីរនៃរថយន្តគាំទ្រមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សា និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) របស់ Huawei ADS 3.3 ជាដើម៕