Denza D9 ប្រកាសចូលទីផ្សារថៃ ជាមួយតម្លៃលក់ខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Denza ដែលជាក្រុមហ៊ុនរបស់ក្រុមហ៊ុន BYD បានធ្វើការប្រកាសចូលទីផ្សារប្រទេសថៃជាផ្លូវការ បន្ទាប់ពីប្រទេសកម្ពុជា ហុងកុង និងសិង្ហបុរី ដោយប្រទេសថៃគឺជាទីផ្សារអន្តរជាតិទី៤ របស់ Denza នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនមួយនេះបានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តប្រណិត ប្រភេទ MPV អគ្គិសនី ៧កៅអី Denza D9 ដោយផ្តល់ជូនជម្រើសចំនួន២ រួមមាន Denza D9 Premium និង Premium AWD ជាមួយតម្លៃលក់ចាប់ពី ៥៨ ៩០០ ដុល្លារ និង ៧៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៣១២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៧៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ក្នុុងនោះរថយន្តនេះគាំទ្រការសាកថ្មល្បឿនលឿន ១៦៦គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣៨នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា ESC, TCS, EBD, AEB, BSD, 360-degree camera, ACC, FCW, RCW, TSR, ELKA និងប្រព័ន្ធសេនស័រចំនួន ៨ចំនុចជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម