
ក្រុមហ៊ុន Denza ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ BYD បានប្រកាសដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនឈ្មោះ Denza N8L ប្រភេទ SUV ចំនួន ៦ កៅអី ប្រើប្រាស់នូវបច្ចេកវិទ្យា PHEV ។
Denza N8L បង្កើតឡើងនៅលើគ្រោងឆ្អឹង e3 មានប្រវែង ៥ ២០០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៧៥ ម.ម ដែលធំជាងគូរប្រជែងដូចជា Li Auto L8, AITO M7 និង WEY Lanshan ប៉ុន្តែមានរចនាបថស្រដៀងទៅនឹង Denza N9 តែមានកម្លាំងខុសគ្នាបន្តិចតែប៉ុណ្ណោះ។
ទៅលើការរចនា រថយន្តនេះ ទទួលបានការរចនាផ្នែកខាងមុខជាមួយអំពូល LED ដាក់បញ្ឈរទាំងសងខាង ហើយមានរន្ធជ្រែកខ្យល់រាងចតុកោណ ខណៈផ្នែកខាងក្រោយវិញ រចនាជាមួយចង្កៀង ២ជាន់ត្រួតលើគ្នា និងមានឡូហ្គូល Denza នៅចំកណ្តាល។ លើសពីនេះ ក៏អាចបំពាក់ជាមួយប្រព័ន្ធ Drone នៅលើដំបូល និងប្រព័ន្ធជំនួយបើកបរ LiDAR ផងដែរ។
ចំណែកនៅផ្នែកខាងក្នុងវិញ មានអេក្រង់ចំនួន ៣ អាចបញ្ជាដោយសម្លេង និង touchscreen ខណៈកៅអីជួរទី ២ វិញ មានមុខងារខ្យល់ កម្តៅ ក៏ដូចជាតុតូចសម្រាប់ដាក់សម្ភារៈ អេក្រង់កម្សាន្តផ្នែកខាងក្រោយ និងទូទឹកកកជាដើម។
Denza N8L ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងសរុបបាន ៧៥១ សេះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងពេលត្រឹម ៣ វិនាទី សុីប្រេងស៊ី ៦,៩៦លីត្រ ក្នុង ១០០គីឡូម៉ែត្រ មានល្បឿនអតិបរមា ២២០ គ.ម/ម៉ោង ផ្គួបជាមួយអាគុយទំហំ ៤៦,៩៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបលើសពី ១ពាន់គីឡូម៉ែត្រ អាចសាកពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹម ៣០នាទី ប៉ុណ្ណោះ៕