Dodge Durango SRT Hellcat កម្លាំង ៧១០សេះ ត្រឡប់មកវិញជាម៉ូឌែលឆ្នាំ​ ២០២៣

[បរទេស] ក្រុមហ៊ុន Dodge បានបង្ហាញចេញ Durango SRT Hellcat ជាលើកដំបូង សម្រាប់ឆ្នាំម៉ូឌែល ២០២១ ប៉ុន្តែបានធ្វើការសម្រេចចិត្តក្នុងការផលិតវាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ នាពេលនេះ រថយន្ត Dodge Durango SRT Hellcat បានធ្វើការត្រឡប់មកវិញជាមួយការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Dodge Speed ​​Week ជាមួយការអាប់ដេតថ្មីជាម៉ូឌែលឆ្នាំ២០២៣ បន្ទាប់ពីតម្រូវការនៃរថយន្តនេះមានការកើនឡើង។

ដូចគ្នានឹងម៉ូឌែលដើម រថយន្តនេះដំណើរការដោយម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ Hellcat V8 អាចផលិតកម្លាំងបាន ៧១០សេះ និងកម្លាំងបង្វិលជុំ ៦៤៥ lb-ft អាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៣,៥វិនាទី។ ម៉ាស៊ីននេះទទួលបានជំនួយដោយដងបង្វិល ឬវីឡឺប្រឺកាំង ផលិតឡើងពីដែកស្វិត, ពីស្តុង ផលិតឡើងពីអាលុយមីញ៉ូមស្វិត, Forged Connecting rods និងប្រអប់លេខស្វ័យប្រវត្តិ TorqueFlite 8HP95 ៨វគ្គ ផ្គូរផ្គង់ជាមួយជម្រើសនៃការបើកបរចំនួន ៧។

ពាណិជ្ជកម្ម

ដូចទៅនឹងម៉ូដែលឆ្នាំ២០២១ ដែរ Durango SRT Hellcat ឆ្នាំ២០២៣នេះ ទទួលបាននូវការកែប្រែបន្តិចបន្តួច ទៅលើរូបរាង និងប្រព័ន្ធ Aerodynamic ដែលរួមមានការកែប្រែលើថ្ពាល់សងខាង, បំពង់ខ្យល់ និងកាងខ្យល់ខាងក្រោយដែលអាចបង្កើតបាននូវកម្លាំងសង្កត់(Downforce) ៦៣,៥គីឡូក្រាមនៅពេលរថយន្តបើកដល់ល្បឿនកំពូល ២៨៩,៦គ.ម/ម៉។ ក្នុងនោះក៏មានការធ្វើឱ្យប្រសើរឡើងផ្សេងៗ រួមបញ្ចូលការបំពាក់ហ្វ្រាំង Brembo ជាមួយនឹងដុំហ្វ្រាំង 6-piston ផ្នែកខាងមុខ និង 4-piston ខាងក្រោយ បន្ដែមជាមួយប្រព័ន្ធ Launch Control និង Launch Assist ផងដែរ។

ក្នុងនោះ អតិថិជនអាចធ្វើការបញ្ជាទិញនៃរថយន្ត Durango SRT Hellcat ឆ្នាំ២០២៣ ជាមួយជម្រើសកញ្ចប់មួយក្នុងចំណោមនៃកញ្ចប់ Plus Package និង Premium Package ។ ដោយកញ្ចប់ទីមួយ១ Plus Package បន្ថែមនូវកៅអីស្បែកគុណភាពខ្ពស់ Laguna, ដំបូលកញ្ចក់ដំណើរការដោយថាមពលអេឡិចត្រូនិច និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ចំណែក Premium Package បានបន្ថែមពីលើកញ្ចប់ Plus Package ជាមួយខ្សែក្រវ៉ាត់ការពារពណ៌ក្រហម, កន្លែងកុងទ័របង្ហាញស្រោបដោយស្បែក, ប្រើប្រាស់កាបូននៅផ្នែកខាងក្នុង និងឧបករណ៍បំពងសម្លេងប្រភេទ Harman Kardon ចំនួន១៩គ្រាប់។

សម្រាប់ការបើកទទួលការបញ្ជាទិញនៃរថយន្ត Dodge Durango SRT Hellcat ឆ្នាំ២០២៣នេះ នឹងចាប់ផ្តើមនាខែកញ្ញា និងការដឹកជញ្ជូនចាប់ផ្តើមនាដើមឆ្នាំ២០២៣៕

Sponsored