Dongfeng Aeolus Haohan ស៊េរីឆ្នាំ ២០២៤ ប្រើ hybrid តម្លៃលក់ចាប់ពី ១មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Aeolus Haohan មាន ៧ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១២ ៣៦៤ ដុល្លារ ដល់ ១៥ ៤០៦ ដុល្លារ សម្រាប់ម៉ូដែលប្រើសាំង និងតម្លៃចាប់ពី ១៣ ៧៥៧ ដុល្លារ ដល់ ១៨ ៨៤៥ ដុល្លារ សម្រាប់ម៉ូដែលប្រើ hybrid នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៥០ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៦៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ និងទាក់ទាញ ដោយផ្នែកខាងមុខមានប៉ាណាឲ្យឈ្មោះថា Front grill Starry សំណុំចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វារប្រភេទ flash-door ផ្នែកខាងក្រោយមានកាង spoiler ជំនួយមិនឲ្យចាញ់ខ្យល់ ចង្កៀងប្រភទ LED បំពង់ស៊ីមាំងភ្លោះសងខាង និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ ភ្ជាប់មុខងារដ៏សំបូរបែប ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀបជាមួយមុខងារខ្យល់-កំដៅ និងសម្រាប់អ្នកដំណើរ ៤ របៀប ឧបករណ៍បំពងសំឡេង ១២ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof អេឡិចត្រូនិចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ២៨៨ សេះ​ និងកម្លាំងរមួល ៥៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៤ វគ្គ ជាមួយកម្រិតស៊ីសាំងចំន្លោះពី ៤ លីត្រ ទៅ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ចំនែកប្រព័ន្ធសុវត្ថិភាពមានដូចជា ប្រព័ន្ធផ្តល់សញ្ញាពីផ្នែកចំហៀង Blind spot monitor, ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកពីកន្លងផ្លូវ, ប្រព័ន្ធកាម៉េរា ៣៦០ ដឺក្រេ, ប្រព័ន្ធជំនួយឡើង-ចុះចំណោត, ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto hold និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម