
អគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះនឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមលិខិតមួយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ផ្ញើជូនដល់អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
តាមរយៈលិខិតនេះ គឺអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឲ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេស យានយន្តសម្រាប់បម្រើឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

គួររំលឹកថា ក្នុងពិធីសម្ពោធស្ថានីយបញ្ចូលថាមពលរបស់ក្រុមហ៊ុន Zo Motors Cambodia កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណាយខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។
គួរដឹងថា ក្រុមហ៊ុន Zo Motors Cambodia បានប្រកាសពីការតាំងចិត្តរបស់ខ្លួន ក្នុងគម្រោងពង្រាយស្ថានីយបញ្ចូលថាមពលល្បឿនលឿនឲ្យបានចំនួន ៣០០ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះ ក្រុមហ៊ុនបង្កើតស្ថានីយបាន ៣០ទីតាំងក្នុងឆ្នាំ២០២៥ ហើយគ្រោងសង់ ២០០ទីតាំងនៅឆ្នាំ២០២៦នេះ និងបន្ថែម ៧០ទីតាំងទៀតនៅឆ្នាំ២០២៧។

សូមជម្រាបថា ពេលដែលប្រទេសមានហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលកាន់តែច្រើនឡើងនោះ នឹងផ្តល់ប្រយោជន៍ដូចជា៖
១-ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី
២-ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព
៣-ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក
៤-កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេសដើម្បីទិញឥន្ធនៈពីបរទេស
៥-ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី
៦-លើកកម្ពស់ថាមពលស្អាតតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស
៧-ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស
៨-ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន៕





















