រថយន្ត Taycan បានបង្ហាញមុខដល់ពិភពលោកជាផ្លូវការ ដែលវាជារថយន្តទ្វារបួនប្រើថាមពលអគ្គិសនីសុទ្ធដំបូងរបស់ Porsche។ រថយន្តនេះមនរូបរាងទាក់ទាញ និងសមត្ថភាពខ្លាំង ប៉ុន្តែលោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla បានបញ្ចេញសារឌឺដងលើផ្នែកមួយរបស់រថយន្ត។
លោក Elon បានសរសេរលើគណនី Facebook របស់ខ្លួនថា ៖ “អឹម Porsche! ពាក្យ Turbo មិនមែនមានន័យដូចអ្វីដែលអ្នកគិតនោះទេ”។ លោក Elon Musk ចង់សំដៅដល់ការដាក់ឈ្មោះ Turbo លើរថយន្ត Taycan ខណៈដែលរថយន្តនេះមិនមាន Turbocharger ផងនោះ។
លោកនាយកប្រតិបត្តិខាងលើបានបន្តសរសេរថា Model S របស់ខ្លួននឹងត្រូវរត់សាកល្បងនៅ Nurburgring សប្ដាហ៍ក្រោយនេះ។ ជាការឲ្យតម្រុយថា Tesla ចង់ផ្ដួលកំណត់ត្រាដែល Taycan កំពុងកាន់កាប់បច្ចុប្បន្ន។ កាលពីខែមុន Porsche បានប្រកាសថារថយន្ត Taycan បានបញ្ចប់ការបើកបរលើទីលាន Nurburgring ដោយប្រើពេល ៧ នាទី ៤២ វិនាទី។ ថេរវេលានេះលឿនគ្រប់គ្រាន់នឹងឲ្យ Taycan ក្លាយជារថយន្តអគ្គិសនីទ្វារបួនល្បឿនលឿនមួយ៕