F-150 ស៊េរី២០២១ បង្ហាញមុខជាផ្លូវការ ប៉ុន្តែនៅមានមន្ទិលរឿងកម្លាំង

រថយន្ត F-150 Raptor ស៊េរីឆ្នាំ ២០២១ ត្រូវបានក្រុមហ៊ុន Ford បង្ហាញចេញជាផ្លូវការហើយ ជាមួយការផ្លាស់ប្ដូររូបរាងខាងក្រៅតិចតួច ប៉ុន្តែវាមានពាំនាំមកនូវចំណុចថ្មីៗជាច្រើនដែលពង្រឹងលើសមត្ថភាពបើកបររបស់វា។

2021 Ford F-150 Raptor in red and black

ក្រុមហ៊ុន Ford បានធ្វើការឌីហ្សាញថ្មីទាំងស្រុងលើបូមខាងក្រោយរបស់រថយន្ត ជាមួយរ៉ឺស័រទំហំធំដល់ ២៤អ៊ីញនៅលើកង់ទាំងបួន ដែលភ្ជាប់ជាមួយយ៉ាន់កង់ទំហំ ១៤អ៊ីញខាងមុខ និងកង់ទំហំ ១៥អ៊ីញខាងក្រោយផងដែរ។ យ៉ាន់កង់នេះដែរគឺមានស្រោបដោយសម្បកកង់ទំហំ ៣៥អ៊ីញ ហើយក៏មានជម្រើសទំហំ ៣៧អ៊ីញ ដែលជាប្រភេទ​BFGoodrich KO2 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះលក្ខណៈសម្បត្តិនៃម៉ាស៊ីនរបស់គូប្រជែង Ram TRX មួយនេះ Ford នៅមិនទាន់បានប្រាប់ឲ្យដឹងនៅឡើយទេ ហើយក៏មិនទាន់ប្រាប់អំពីតម្លៃលក់របស់រថយន្តនេះនៅឡើយដែរ។ គួរដឹងថារថយន្ត F-150 Raptor ស៊េរីមុនមានប្រើប្រាស់ម៉ាស៊ីន៦ស៊ីឡាំងដែលផលិតកម្លាំងបាន ៤៥០សេះ។ ដូចនេះប្រសិនបើម៉ាស៊ីននេះនៅបន្តបង្ហាញវត្តមាននោះគឺមិនអាចប្រៀបផ្ទឹមនឹងម៉ាស៊ីនចំណុះ ៦,២លីត្រ កម្លាំងជាង ៧០០សេះ ដែលប្រើលើ Ram TRX នោះទេ។

យ៉ាងណាក្ដី Ford បានបញ្ជាក់ថា F-150 Raptor ជំនាន់ថ្មីនេះនឹងមានមកជាមួយនូវប្រភេទ Raptor R ដែលមានបំពាក់ម៉ាស៊ីន ៨ស៊ីឡាំងផងដែរ។ គេរំពឹងថាម៉ាស៊ីននេះនឹងអាចដូចគ្នានឹងម៉ាស៊ីនដែលមានប្រើលើរថយន្ត Ford GT500 ដែលជាប្រភេទ​ Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៦០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម