Ford កំពុងតែត្រៀមប្រកាសចេញរថយន្ត F-150 ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ដែលមានន័យថាវានឹងមានការផ្លាស់ប្ដូរការឌីហ្សាញ មានគ្រឿងបរិក្ខារខាងក្នុងថ្មី និងការផ្លាស់ប្ដូរមួយចំនួនទៀត។ វាក៏មានន័យថា Raptor នឹងទទួលបានការអាប់ដេតស្រដៀងគ្នាផងដែរ។
វិបសាយសារព័ត៌មានរថយន្ត Motor1 បានបង្កើតជារូបភាព Render ថ្មី ដែលអាចជារូបរាងរបស់ Ford F-150 Raptor ស៊េរីថ្មី។ រូបភាពបានបង្ហាញថាការផ្លាស់ប្ដូរមុខមាត់ខាងក្រៅមិនសូវជាខុសពីស៊េរីបច្ចុប្បន្នខ្លាំងប៉ុន្មានឡើយ។
រូបភាព Render មានបញ្ចូលការឌីហ្សាញរន្ធខ្យល់ថ្មីដែលនៅតែមានអក្សរ FORD ទំហំធំនៅពីលើ, ចង្កៀងមុខក៏មានរចនាបថថ្មីផងដែរ ដោយមានអំពូលភ្លើងបំភ្លឺពេលថ្ងៃអោបជុំវិញចង្កៀងមេតែម្ដង។
មានរឿងមួយចំនួនដែលគេមិនទាន់ដឹងអំពី Raptor ស៊េរីថ្មី។ បើតាមឯកសារលេខធ្លាយកាលពីខែកន្លងទៅបានឲ្យដឹងថា Raptor ថ្មីលែងមានជាជម្រើស SuperCab ដែលមានទំហំតូចនោះទៀតហើយ។ គួរដឹងថា Ford F-150 ស៊េរីថ្មីរំពឹងថាដាក់លក់លើទីផ្សារនាចុងឆ្នាំនេះ ដែលការផលិតរំពឹងថាចាប់ផ្ដើមនាខែកញ្ញាតទៅ៕