Ferrari Monza SP1 និង Monza SP2 គ្មានដំបូល គ្មានកញ្ចក់មុខ តែប្រើម៉ាស៊ីន V12 ខ្លាំងកប់

នាពេលថ្មីៗនេះក្រុមហ៊ុន​រថយន្ត​ស្ព័រ​អ៊ីតាលី Ferrari បាន​បញ្ចេញ​កំពូល​រថយន្ត​ស្ព័ររបស់ខ្លួន រហូត​ដល់​ទៅ ២ ម៉ូដែល គឺ Monza SP1 និង Monza SP2។

រថយន្ត Ferrari នេះ ទទួល​បាន​ការ​រចនា ដែល​រួមបញ្ចូលគ្នារវាង​ការ​រចនា​កាលពី​ឆ្នាំ ១៩៥០ និង សម័យ​ទំនើប។ SP1 និង SP2 ត្រូវ​បាន​បំផុស​គំនិត​ឡើង​ ដោយ​រថយន្ត​ប្រណាំង Ferrari 166 MM ស៊េរី​ឆ្នាំ ១៩៤៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Monza SP1 ត្រូវ​បាន​រចនា និង​ផលិត​ឡើង​សម្រាប់​ប្រើ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ពោល​គឺ​អ្នក​បើកបរ​ផ្ទាល់​តែម្តង។ នៅ​ផ្នែក​ខាង​មុខ វា​បាន​បំពាក់​កាង​កាត់​ខ្យល់ ប្រភេទ Carbon Fiber ជាមួយ​នឹង​ប៉ាណា​រីក​ទទឹង​ដ៏​ធំ និង ប្រើ​ភ្លើង​ឌឺមី LED ទៀត​ផង។ ម៉ូដែល Monza SP1 នេះ​គ្មាន​កញ្ចក់​មុខ និង​ដំបូល​ឡើយ។

ដោយឡែក Monza SP2 បាន​បំពាក់​​កៅអី​អង្គុយ​ចំនួន ២ ពោល​គឺ​សម្រាប់​អ្នក​បើកបរ​ម្នាក់ និង​អ្នកដំណើរ​ម្នាក់។ មិន​ខុស​ពី​ម៉ូដែល Monza SP1 នោះ​ទេ វា​គ្មាន​កញ្ចក់​មុខ និង​ដំបូល​ឡើយ ប៉ុន្តែ​បាន​បំពាក់​របាំង​មួយ​ដែល​ហៅ​ថា Virtual Wind Shield។

Ferrari Monza ប្រើម៉ាស៊ីន​ចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង មានកម្លាំង ៧៩៩ សេះ ជា​ម៉ាស៊ីន Ferrari ខ្លាំង​បំផុត។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ២,៩ វិនាទី​ប៉ុណ្ណោះ និង​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម