Ferrari គ្រោងប្រកាសចេញរថយន្តថ្មីចំនួនពីរម៉ូដែលនៅឆ្នាំ ២០២០ នេះ ត្បិតថាកន្លងមក ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនបាននិយាយថា ២០២០ នឹងជាឆ្នាំដែលត្រូវពង្រឹងផ្ទៃក្នុងក្ដី។
ពេលសម្ភាសន៍ជាមួយ Autocar កាលពីថ្មីៗនេះប្រធានផ្នែកពាណិជ្ជកម្មរបស់ Ferrari លោក Enrico Galliera បាននិយាយថា ៖ “យើងតែងតែមានគម្រោងថាធ្វើអ្វីលើសពីនេះ ហើយយើងចង់បង្កើតព័ត៌មានមួយចំនួន។ យើងនឹងប្រកាសចេញរថយន្តថ្មីពីរម៉ូដែលនៅត្រឹមដំណាច់ឆ្នាំនេះ។”
គួរដឹងថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Ferrari បានប្រកាសចេញរថយន្តថ្មីចំនួនប្រាំម៉ូដែល រួមមាន F8 Tributo, F8 Spider, SF90 Stradale, 812 GTS និង Roma ដែលការប្រកាសចេញរថយន្តថ្មីនេះជាផ្នែកមួយនៃផែនការពង្រីកសែស្រឡាយរថយន្តរបស់ Ferrari ដោយក្នុងពេល ៥ឆ្នាំ ប្រកាសចេញរថយន្តថ្មីឲ្យបាន ១៥ម៉ូដែល៕