រថយន្ត Mustang Mach-E ដែលជារថយន្ត SUV អគ្គិសនីដំបូងរបស់ Ford នឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ប៉ុន្តែបុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនបានជ្រុលដៃបង្ហាញចេញរូបរាង តម្លៃ និងលក្ខណៈសម្បត្តិរថយន្តនេះមុនបាត់ទៅហើយ។
កំហុសបច្ចេកទេសបានបង្ហាញឲ្យឃើញថារថយន្ត Mustang Mach-E នេះមានរចនាបថអំពូលមុខ/ក្រោយ ជាអត្តសញ្ញាណរបស់រថយន្ត Mustang ប្រភេទធម្មតា។ នៅផ្នែកខាងក្នុងមានបំពាក់អេក្រង់ធំមួយសម្រាប់បញ្ជាមុខងារជាច្រើន ហើយនៅខាងក្រោយចង្កូតក៏មានអេក្រង់តូចមួយដែរ ដែលដើរតួជាកុងទ័ររថយន្ត។
ម៉ូទ័រអគ្គិសនីប្រភេទ Base នៃរថយន្តនេះ អាចបង្កើតកម្លាំងបាន ២៥៥ សេះ ប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ និងអាចបន្ថែមលុយយកប្រព័ន្ធបើកបរវិលកង់ទាំងអស់បាន។ Ford រំពឹងថារថយន្តអគ្គិសនីនេះអាចរត់បានចម្ងាយ ៣៧០ គ.ម ពេលវិលតែកង់ក្រោយ និងបាន ៣៣៨ គ.ម ពេលវិលកង់ទាំងអស់។
រថយន្តនេះមានតម្លៃចាប់ពី ៤៣ ៨៩៥ ដុល្លារសម្រាប់ប្រភេទ First Edition ដល់ ៦០ ៥០០ ដុល្លារសម្រាប់ប្រភេទ GT។ ប្រភេទដែលមកដល់មុនគេនៅចុងឆ្នាំ ២០២០ ខាងមុខគឺ First Edition និង Premium ចំណែកប្រភេទ GT ចេញលក់នៅអំឡុងឆ្នាំ ២០២១៕