Ford Flex គឺជារថយន្តគ្រួសារមួយប្រភេទ ដែលមានភាពខុសប្លែកពីគេបំផុត វាមិនមែនជាប្រភេទរថយន្ត Minivan ហើយក៏មិនមែនជាប្រភេទរថយន្ត SUV ដែរ។
យ៉ាងណាក្ដីភាពខុសប្លែករបស់វាមិនអាចជួយឲ្យក្រុមហ៊ុនរកចំណូលបានច្រើននោះទេ ដូចនេះហើយទើប Ford សម្រេចចិត្តដកចេញនូវរថយន្តម៉ូដែល Flex នេះ។ Ford បានប្រកាសថាការផលិតរថយន្ត Flex នឹងត្រូវបញ្ឈប់នៅរោងចក្រនៃប្រទេសកាណាដា ជាកន្លែងដែលផលិតរថយន្តនេះអស់ជាង ១០ ឆ្នាំមកហើយ។
ទោះបីជាមានអ្នកគាំទ្រស្មោះស្ម័គ្រ ប៉ុន្តែ Flex មិនដែលពេញនិយមសម្រាប់អតិថិជននោះទេ។ ចំនួនលក់ខ្ពស់បំផុតនៅអាមេរិកគឺនៅឆ្នាំ ២០០៨ ដែលរថយន្តនេះលក់បាន ៣៨ ៧១៧ គ្រឿង ហើយវាធ្លាក់នៅត្រឹមចន្លោះ ២០ ០០០ ទៅ ២២ ០០០ គ្រឿង ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។
ក្នុងរយៈពេល ១១ ឆ្នាំមកនេះ Ford លក់រថយន្ត Flex នេះបានជាង ២៩៦ ០០០ គ្រឿង។ ក្រុមហ៊ុនមិនបានបញ្ជាក់អំពីអ្នកជំនួសតំណែងរថយន្ត Flex នេះទេ ប៉ុន្តែអតិថិជនទំនងជាមើលទៅម៉ូដែល Explorer ជំនួសវិញ៕