Ford បានបញ្ជាក់ថារថយន្ត F-150 ស៊េរីឆ្នាំ ២០២១ បានចាប់ផ្ដើមដឹកជញ្ជូនទៅកាន់ហាងលក់នៅទូទាំងសហរដ្ឋអាមេរិកចាប់ពីសប្ដាហ៍នេះ ហើយគេកត់សម្គាល់ឃើញថាចំនួនអតិថិជនទន្ទឹងរង់ចាំរថយន្តភីកអាប់នេះនៅតែមានច្រើន និងច្រើនលើសមុនទៀតផង។
អនុប្រធាន Ford ប្រចាំសហរដ្ឋអាមេរិកបាននិយាយថា ការលក់ចេញជូនអតិថិជនដែលបានកក់គឺមានការកើនឡើងជាង ២១០% បើធៀបនឹងខែវិច្ឆិកាឆ្នាំ ២០១៩ ហើយចំនួនកុម្ម៉ង់ទុកក្នុងស្តុកពីសំណាក់ឈ្មួញចែកចាយរថយន្តគឺមានច្រើនលើសចំនួនដែល Ford គ្រោងផលិតរហូតដល់ ២ដងផងដែរ។
ដំណឹងនេះហាក់មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានឡើយ ដោយសារភីកអាប់ F-Series បានក្លាយជារថយន្តភីកអាប់លក់ដាច់ជាងគេនៅអាមេរិករយៈពេល ៤៣ឆ្នាំមកហើយ ហើយវាក៏ជារថយន្ត (រាប់បញ្ចូលជាមួយប្រភេទរថយន្តផ្សេងទៀត) លក់ដាច់ជាងគេនៅអាមេរិករយៈពេល ៣៨ឆ្នាំផងដែរ។
តម្លៃរបស់ Ford F-150 ស៊េរីឆ្នាំ ២០២១ នៅសហរដ្ឋអាមេរិកគឺមានចាប់ផ្ដើមពី ២៨ ៩៤០ដុល្លារឡើងទៅ៕