Ford ចាប់ផ្តើមដឹកឡានអគ្គិសនី E-Transit ឆ្នាំ២០២២ ឲ្យអតិថិជនហើយ!

[ទីផ្សារបរទេស] រថយន្តអគ្គិសនី កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ នៅទូទាំងពិភពលោក ហើយ Ford E-Transit គឺជារថយន្តអគ្គិសនីចុងក្រោយគេបង្អស់មួយ ដែលបានចាកចេញពីរោងចក្រ។

ផលិតនៅក្នុងទីក្រុង Claycomo រដ្ឋ Missouri សហរដ្ឋអាមេរិក រថយន្តវ៉ែនអគ្គិសនីខាងលើ កំពុងតែធ្វើដំណើរទៅរកម្ចាស់របស់វា នៅទូទាំងប្រទេសហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងនេះបានលេចឡើងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមានរបាយការណ៍អះអាងថា Ford បានផ្អាក ឬកាត់បន្ថយដំណើរការផលិតនៅរោងចក្រមួយចំនួន ដោយសារតែកង្វះបន្ទះឈីប។ ការផ្អាកដំណើរការនោះ ក៏រួមមានទាំងរោងចក្រដែលដំឡើងរថយន្ត Bronco, Explorer និង Mustang Mach-E ផងដែរ។

យ៉ាងណាក៏ដោយ ក្តីបារម្ភខាងលើនោះមិនធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មនៃរថយន្ត E-Transit ឡើយ។ គួរឲ្យដឹងដែរថា រថយន្ត Ford Transit ដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (ប្រើឥន្ធនៈ) បានជាប់ឈ្មោះជារថយន្តវ៉ែនលក់ដាច់បំផុតនៅក្នុងឆ្នាំ២០២១ ទៀតផង៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម