[ទីផ្សារបរទេស] កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលពិសេសនៃរថយន្ត Ford Equator Extreme Edition Sport ជាមួយនឹងការបញ្ជាទិញជាមុននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្ត Ford Equator Extreme Edition Sport មានប្រវែងតួខ្លួនសរុប ៤ ៦៣០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៧០៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២៦ ម.ម។ ម៉ូដែលពិសេសនេះ ត្រូវបានរចនាឡើងក្រោមគោលគំនិតនៃ “Extreme Design Fashion” ដោយមានតួខ្លួនពីរពណ៌ជាមួយនឹងដំបូលពណ៌ខ្មៅ ចង្កៀងមុខប្រភេទ Full LED ដែលបំភ្លឺច្បាស់ជាងមុន ចង្កៀងកាត់អ័ព្ទ LED ៤ គ្រាប់ ប៉ាណាមុខពណ៌ខ្មៅឲ្យឈ្មោះថា “Rock Layer Grille” រួមជាមួយនឹងកាងខាងមុខថ្មី កញ្ចក់ចំហៀងខ្មៅ ថាសកង់ស្ព័រទំហំ ២០ អ៊ីញពណ៌ខ្មៅ។
ខណៈផ្នែកខាងក្រោយត្រូវបានសម្គាល់ដោយឡូហ្គោ EQUATOR ពណ៌ខ្មៅ និង SPORT ពណ៌លឿង កាងខាងក្រោយដែលរចនាថ្មី និងចង្កៀងខាងក្រោយប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណីត និងផាសុកភាពដោយតុបតែងជាមួយកៅអី ៣ជួរ មាន ៧កៅអី ភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីង គាំទ្រមុខងារ Carlife/Huawei HiCar, ប្រព័ន្ធ TAI 3.0 ដ៏ឆ្លាតវៃរបស់រថយន្តជាមួយនឹងប៊ូតុងនៅកុងទ័រកណ្តាល, ដំបូលកញ្ចក់ sunroof ពីរជាន់ និងកន្លែងដាក់ដៃដាច់ដោយឡែកសម្រាប់កៅអីជួរកណ្តាល។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Ford Equator Extreme Edition Sport ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥ លីត្រ EcoBoost turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តម៉ូដែលពិសេសនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Ford Co-Pilot360 គាំទ្រមុខងារ online OTA update ពោងសុវត្ថិភាពចំនួន ៦គ្រាប់ និងមុខងារជាង ២០ ផ្សេងទៀតផងដែរ៕