Ford បង្កើតបានភ្លើងស្តុបដែលអាចលោតភ្លើងបៃតង ពេលឃើញឡានសង្គ្រោះបន្ទាន់

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford នៃតំបន់អឺរ៉ុប បានជួយបង្កើតភ្លើងចរាចរណ៍វៃឆ្លាតមួយដែលអាចធ្វើការទំនាក់ទំនងជាមួយរថយន្តសង្គ្រោះបន្ទាន់ និងជួយឲ្យរថយន្តសង្គ្រោះបន្ទាន់បានទៅដល់គោលដៅកាន់តែឆាប់រហ័ស។

ជាមួយបច្ចេកវិទ្យានៅពីក្រោយឈ្មោះថា Cellular Vehicle-to-Everything (C-V2X) ក្រុមហ៊ុន Ford បានដំឡើងវានៅលើផ្លូវមួយខ្សែ នៅក្នុងតំបន់ Aachen នៃប្រទេសអាល្លឺម៉ង់ ដែលដំឡើងនៅលើភ្លើងសញ្ញាចរាចរណ៍ចំនួន៨ជាប់គ្នា។ ក្រោយមក​ Ford បានសាកបញ្ជូនរថយន្ត Kuga ដែលមានបំពាក់ឧបករណ៍ទំនាក់ទំនង និងបន្លំខ្លួនធ្វើជារថយន្តសង្គ្រោះបន្ទាន់ សម្រាប់ការសាកល្បងបច្ចេកវិទ្យាថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលដែលរថយន្តបើកបរខិតចូលទៅដល់ភ្លើងចរាចរណ៍​ ភ្លើងចរាចរណ៍បានប្រែពណ៌ទៅជាបៃតង ដែលអាចឲ្យរថយន្តបន្តដំណើរទៅមុខបាន ហើយពេលដែលរថយន្តបើកបរផុត ភ្លើងចរាចរណ៍វិលត្រឡប់មកដំណើការជាធម្មតាវិញ។ បច្ចេកវិទ្យានេះ អាចជារឿងសំខាន់សម្រាប់រថយន្តសង្គ្រោះបន្ទាន់​ ព្រោះអ្នកជំនាញជឿជាក់ថាកម្រិតអាចរួចផុតជីវិតពីគ្រោះថ្នាក់លើដងផ្លូវ អាចកើនឡើង ៤០% ប្រសិនបើជនរងគ្រោះទទួលបានការសង្គ្រោះលឿនជាងមុនត្រឹម ៤នាទី។

បច្ចេកវិទ្យា C-V2X នេះអាចមានផលប្រយោជន៍ច្រើនលើសពីការងារសង្គ្រោះបន្ទាន់ ដោយ Ford ប្រើប្រាស់ព័ត៌មាននៃភ្លើងចរាចរណ៍ដាក់បញ្ចូលគ្នាជាមួយមុខងារ Adaptive Cruise Control របស់ខ្លួន។ ជាមួយការដាក់បញ្ចូលនេះ មុខងារ Adaptive Cruise Control ដែលមានដំណើរការលើរថយន្តអាចបន្ថយខ្លួនដោយខ្លួនឯង ពេលដែលឃើញថាមានភ្លើងចរាចរណ៍ពណ៌ក្រហមនៅខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម